ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង
(កោះកុង)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧញ្ញា គិត ម៉េង បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ គម្រោងមួយនេះ នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិសចូលរួមជាច្រើនរូបផងដែរ។
រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ ដោយប្រើរយៈកាលនៃការសាងសង់គឺ ៣៨ ខែ ហើយនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ក្រោយពេល សាងសង់រួចរាល់។ បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា ម្រោងនេះនឹងក្លាយជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិមួយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត បង្កើតការងាររាប់រយកន្លែង និងជួយជំរុញ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា៖ "វាជាឱកាសមួយដ៏មានមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%"។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ ការគាំទ្រកន្លងមក។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤។
លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានថ្លែងថា លោកពិតជាមាន មោទនភាព ដែលបានសម្រេចនូវគម្រោងមួយនេះ ហើយក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ចំពោះការគាំទ្រកន្លងមក និងបានជួយជំរុញឲ្យគម្រោងនេះលេចរូប រាងឡើង។ លោកបញ្ជាក់ថា រោងចក្ររបស់យើងនឹងរួមចំណែកដល់ពង្រឹងស្ថេរភាពបណ្តាញ ភាពជឿ ទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។
ព័ត៌មានទាក់ទង